ទិដ្ឋភាពទូទៅប្រភេទឧបករណ៍ទូទាត់

ដោយសារកម្ពុជាជាប្រទេសដែលមានកម្រិតដុល្លាររូបនីយកម្មខ្ពស់ ឧបករណ៍ទូទាត់សងប្រាក់ភាគច្រើនត្រូវធ្វើឡើងជាពីររូបិយប័ណ្ណ គឺជារូបិយវត្ថុរៀល (KHR) និងជាដុល្លារអាមេរិក (USD) ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការទូទាត់សងប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិកមានទំហំធំជាងប្រតិបត្តិការទូទាត់សងប្រាក់ជារៀល ។

ការប្រើប្រាស់ឧបករណ៍ទូទាត់សងប្រាក់ ដែលមិនមែនជាសាច់ប្រាក់នៅកម្ពុជាសម្រាប់ប្រតិបត្តិការទូទាត់ អន្តរធនាគារ នៅមានកម្រិតដោយសារពុំមានសេវាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលអាចទទួលយកបានទូលំទូលាយ ។ ឧបករណ៍ទូទាត់សងប្រាក់មិនមែនសាច់ប្រាក់ត្រូវបានដាក់ឲ្យប្រើប្រាស់ក្រោមច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រកាសស្តីពីមូលប្បទានបត្រស្តង់ដារ និងប្រកាសស្តីពីការដាក់ឲ្យ ប្រើគំរូបញ្ជាទូទាត់សម្រាប់ការផ្ទេរឥណទាន ។