ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
១២ ឧសភា ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដូចជាគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និងកិច្ចសហប្រតិបត្តិការរវាងការិយាល័យឥណទាននៃប្រទេសទាំងពីរ ជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានមានប្រសាន៍ពីវឌ្ឍនភាពនៃដំណើរការប្រព័ន្ធទូទាត់បាគង និងបានលើកឡើងពីអត្ថប្រយោជន៍នៃដំណើរការប្រព័ន្ធទូទាត់នេះក្នុងការគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។