ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាភិបាលថ្មីនៃ សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
២៨ មេសា ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាភិបាលថ្មីនៃ សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជំនួបនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ សមាគមធនាគារនៅកម្ពុជា ដើម្បីជម្រាបជូនអំពីសមាសភាពថ្មីនៃសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងអាណត្តិ ២០២៦-២០២៨ ផែនការសកម្មភាពសម្រាប់អាណត្តិថ្មី និងទទួលបានអនុសាសន៍ណែនាំបន្ថែម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើប្រធានបទពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា រួមមាន ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការពង្រឹងប្រព័ន្ធការពារអតិថិជន ការពង្រឹងអភិបាលកិច្ចស្ថាប័ន និងការពង្រឹងក្រមប្រតិបត្តិវិជ្ជាជីវៈក្នុងគ្រឹះស្ថានធនាគារ ជាដើម។ បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានលើកឡើងពីការពង្រីកលទ្ធភាពផ្តល់ឥណទានដល់សហគ្រាសខ្នាតតូចនិងមធ្យម យន្តការគាំទ្រការផ្តល់ឥណទានប្រកបដោយចីរភាព និងយន្តការឆ្លើយតបចំពោះបញ្ហាប្រឈមថ្មីៗក្នុងវិស័យធនាគារផងដែរ។

នាឱកាសនោះ លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះសមិទ្ធផលការងាររបស់សមាគមនាពេលកន្លងមក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងនិងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនានា និងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព។