ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី៩ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) លើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ
៣១ មីនា ២០២៣

កាលពីថ្ងៃអង្គារ-សុក្រ ៧-១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨-៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី៩ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) លើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ អង្គប្រជុំបានស្វាគមន៍និងគាំទ្រមូលបទអាស៊ានឆ្នាំ២០២៣ ស្តីពី “អាស៊ានសំខាន់ជាស្នូលនៃកំណើន” ដែលបានស្នើឡើងដោយឥណ្ឌូណេស៊ី ក្នុងនាមប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៣ នេះ។ អង្គប្រជុំក៏បានដាក់ចេញនូវយុទ្ធសាស្រ្តជំរុញចំនួន ៣ សម្រាប់សសរស្តម្ភសេដ្ឋកិច្ចអាស៊ាន ដូចជា៖ i/-ការងើបឡើងនិងការកសាងឡើងវិញ (Recovery-Rebuilding) ii/-សេដ្ឋកិច្ចឌីជីថល (Digital Economy) និង iii/-ចីរភាព (Sustainability)។ ដើម្បីរួមចំណែកសម្រេចបានយុទ្ធសាស្រ្តជំរុញទាំងនេះ អង្គប្រជុំបានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ពហុភាគីក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន ដែលទាំងនេះ នឹងក្លាយជាយន្តការក្នុងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់សមាហរណកម្មហិរញ្ញវត្ថុស៊ីជម្រៅក្នុងតំបន់ ក្នុងស្ថានភាពដែលទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនិងហិរញ្ញវត្ថុអន្តរជាតិមានភាពមិនច្បាស់លាស់។ ទន្ទឹមនេះ អង្គប្រជុំបានជំរុញឱ្យមានការចូលរួមរបស់វិស័យហិរញ្ញវត្ថុ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ដោយផ្តោតលើការផ្តល់ហិរញ្ញប្បទានទៅលើការវិនិយោគលើបច្ចេកវិទ្យាថាមពលបៃតង ដើម្បីគាំទ្រដល់ដំណើរឆ្ពោះទៅរកចីរភាពរបស់អាស៊ាន។ អង្គប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពនៃការងារសមាហរណកម្មហិរញ្ញវត្ថុ ដែលបានជ្រោមជ្រែងដោយកិច្ចខំប្រឹងប្រែងរបស់គណៈកម្មាធិការអាស៊ាននានា រួមមាន៖ ការចុះហត្ថលេខាលើពិធីសារសេវាហិរញ្ញវត្ថុកញ្ចប់ទី៩ វឌ្ឍនភាពនៃការបង្កើតក្របខ័ណ្ឌទូទៅសម្រាប់ក្របខ័ណ្ឌសមាហរណកម្មធនាគារអាស៊ាន ការអភិវឌ្ឍក្របខ័ណ្ឌប្រតិបត្តិការជារូបិយវត្ថុក្នុងស្រុក ការបញ្ជ្រាបយន្តការហិរញ្ញប្បទានបៃតងអាស៊ាន និងការអភិវឌ្ឍនិងការត្រៀមផ្សព្វផ្សាយវត្តិករសាស្រ្តអាស៊ាន (ASEAN Taxonomy) សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើកទី២ ជាដើម។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនានិងការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានចូលរួមផ្លាស់ប្តូរមតិយោបល់ សំដៅតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅចំពោះមុខបញ្ហានិងហានិភ័យដែលតំបន់កំពុងប្រឈម។ អង្គប្រជុំបានឯកភាពចំពោះសំណើរបស់ឥណ្ឌូណេស៊ីក្នុងការរៀបចំកិច្ចប្រជុំ AFMGM ជាលើកទី២ សម្រាប់ឆ្នាំ២០២៣នេះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីពិនិត្យមើលការអនុវត្តយុទ្ធសាស្រ្តជំរុញ និងការងារអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ និងកំណត់ទិសដៅនិងការងារអាទិភាពសម្រាប់ឆ្នាំ២០២៤។