ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ
០២ ឧសភា ២០២៣

នាថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈទៅលើស្ថានភាព និងនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រទេសជាសមាជិកអាស៊ាន+៣ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុក្នុងតំបន់។
អង្គប្រជុំបានទទួលស្គាល់ថាកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការគំាទ្រសេដ្ឋកិច្ច ព្រមទាំងបង្ការហានិភ័យនិងដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចក្នុងតំបន់។ អង្គប្រជុំបានគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមទិសដៅអនាគតសម្រាប់ការត្រៀមរៀបចំហិរញ្ញប្បទានតំបន់ (RFA), ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM), អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO), គំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (ABMI), ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (DRF), និងគំនិតផ្តួចផ្តើមអនាគតអាស៊ាន+៣។ 
សេដ្ឋកិច្ចអាស៊ាន+៣ បានកើនឡើង ៣,២% ក្នុងឆ្នាំ២០២២ ទោះបីជារងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ខណៈដែលអត្រាអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងល្អបើប្រៀបធៀបទៅនឹងតំបន់ដទៃទៀត។ សម្រាប់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ ត្រូវបានព្យាករថានឹងកើនដល់ ៤,៦% ដែលគាំទ្រជាចម្បងដោយតម្រូវការក្នុងស្រុក ខណៈដែលការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងដើរតាមគន្លងដែលបានគ្រោងទុក។ 
អង្គប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនារយៈពេល១ឆ្នាំមកនេះ ដែលក្នុងនោះរួមមាន៖ i/-ការពិភាក្សាលើការកំណត់ទិសដៅអនាគតសម្រាប់ការត្រៀមរៀបចំហិរញ្ញប្បទានតំបន់ ii/-ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍ប្រតិបត្តិសម្រាប់កិច្ចព្រមព្រៀង CMIM ដែលអនុញ្ញាតឱ្យសមាជិកប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់យន្តការ CMIM និងការសម្រេចបានដោយជោគជ័យនូវការសាកល្បងដំណើរការយន្តការ CMIM លើកទី១៣ iii/- ការរៀបចំទិសដៅយុទ្ធសាស្រ្តរបស់ AMRO ឆ្នាំ២០៣០ និងការពង្រឹងសមត្ថភាព AMRO លើការតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់ iv/-ការអនុម័តផែនទីចង្អុលផ្លូវរយៈពេលមធ្យមថ្មីនៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (ABMI) ២០២៣-២០២៦ v/-ការទទួលស្គាល់ចំពោះគំនិតផ្តួចផ្តើមសម្រាប់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (DRF) ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង vi/-ការពង្រឹងគំនិតផ្តួចផ្តើមអនាគតអាស៊ាន+៣ តាមរយៈការសិក្សាលើហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដើម្បីភាពធន់នៃសេដ្ឋកិច្ចនិងចីរភាព, ការបង្កើតឧបករណ៍ហិរញ្ញប្បទានបន្ថែមសម្រាប់យន្តការ CMIM, កាលានុវត្តភាពនិងបញ្ហាប្រឈមសម្រាប់ឌីជីថលូបនីយកម្មក្នុងតំបន់, និងការប្រើប្រាស់រូបិយវត្ថុសម្រាប់ការទូទាត់ឆ្លងដែនក្នុងតំបន់អាស៊ាន+៣។