ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំជាមួយធនាគាររដ្ឋវៀតណាម នៅទីក្រុងដាណាង ប្រទេសវៀតណាម
១៩ ធ្នូ ២០២២

ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំជាមួយធនាគាររដ្ឋវៀតណាម នៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោមការរៀបចំទទួលស្វាគមន៍ពី លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។ កិច្ចប្រជុំទ្វេភាគី បានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ធធនាគារ ក៏ដូចជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលដែលសម្រេចបាន។ 
កិច្ចប្រជុំក៏បានកំណត់នូវការងារអាទិភាពដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ និងជាប្រយោជន៍សម្រាប់ធនាគារកណ្តាល ក៏ដូចជាប្រទេសទាំងពីរ។ ឯកឧត្តម ទេសាភិបាល បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជាពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា និងគាំទ្រដល់ការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ ដើម្បីសម្រួលការទូទាត់ ដែលគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរក្នុងប្រទេសទាំងពីរ។ 
ចំពោះកិច្ចប្រជុំនៅឆ្នាំ២០២៣ ជាប្រចាំ ឯកឧត្តម ទេសាភិបាល បានអញ្ជើញលោកជំទាវ ទេសាភិបាល និងគណៈប្រតិភូធនាគាររដ្ឋវៀតណាមចូលរួមកិច្ចប្រជុំទ្វេភាគី នៅប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតសូមមើលក្នុងសេចក្តីប្រកាសព័ត៌មាន