ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ពិព័រណ៍ ស្តីពី “ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិ” គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង
០៣ តុលា ២០២២

នាល្ងាចថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សសរ) បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ពិព័រណ៍ ស្តីពី “ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិ” គ្រាដំបូងនៃការស្វែងយល់ចិត្តគ្នារវាងខ្មែរ និងបារាំង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន វិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យអប់រំនិងទេសចរណ៍ ព្រមទាំងអ្នកជំនាញសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
 
ពិព័រណ៍ស្តីពី ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិ គឺជាពិព័រណ៍បណ្តោះអាសន្នលើកដំបូងរបស់សារមន្ទីរសសរ ដែលឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលអតីតព្រះរាជាខ្មែរ ព្រះបាទស៊ីសុវត្ថិ ដំបូងគេ បានយាងទៅលោកខាងលិច និងបានបន្សល់ទុកស្នាព្រះហស្ថដ៏សំខាន់ដល់កូនខ្មែរជំនាន់ក្រោយ នៅក្នុងបុព្វហេតុជាតិ៖ ការទទួលបានអធិបតេយ្យភាពនិងបូរណភាពទឹកដី ការខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងល្អរវាងកម្ពុជាជាមួយប្រទេសបារាំង និងការលើកកម្ពស់អរិយធម៌ វប្បធម៌ ប្រពៃណី (របាំព្រះរាជទ្រព្យ) លើឆាកអន្តរជាតិរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាដ៏ល្អផូរផង់នៅក្នុងតំបន់នៃជ្រោយឥណ្ឌូចិន និងភាពប៉ិនប្រសប់ផ្នែកការទូតរបស់ព្រះអង្គ។
ពិព័រណ៍នេះនឹងបើកទទួលការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះតទៅ។