ពណ៌​ផ្ទៃៈ ពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្ដាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខ នៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ “បីម៉ឺនរៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “៣០០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់នាគក្បាល់៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញនិងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែងដែល មានសមាសធាតុជាប៉ូលីមើរនៅអមក្បែងនោះ។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមលេខមាលាបោះពុម្ពដោយទឹកខ្មៅពីរពណ៌ខ្មៅ គឺតួមាលានិងលេខ “30” បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ ខ្ទង់ទៀតបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ នៅពីក្រោមនោះមានលេខ “៣០០០០” និង “30000” និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម។នៅគែមខាងស្ដាំងនៃក្រដាស់ប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញលេខ “30000”។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “30000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រោមទំហំ១០ មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “បីម៉ឺនរៀល” នៅពីក្រោម និងអក្សរ “Le 30 Anniversaire des Accorde de Paris sur le Cambodge (1999 - 2001) នៅគែមក្រដាសប្រាក់។

ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើង នូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វែល នៅទីក្រុងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្លារាងចតុកោណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៤មម នៅផ្នែកខាងឆ្វេង ។ នៅជ្រុងលើខាងស្តាំមានលេខ “ 30000” ដែលត្រូវបានបោះពុម្ពតាម បន្ទាត់បញ្ឈរ ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា” ខាងក្រោមមានចារឹកអក្សរ “អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ - ២០២១) ខិតមកក្រោម មានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ “2021” និងលេខ “៣០០០០ ” នៅពីក្រោមនោះ ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់ បញ្ឈរដែលឆ្លុះឃើញលេខ “30000 ” ។