ពណ៌​ផ្ទៃៈ ពណ៌ស៊ីជំពូ ពណ៌ផ្កាឈូក និងពណ៌ត្នោត
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍សំឡឹងចុះក្រោមនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានរូបក្បាច់ចម្លាក់ប្រាសាទបន្ទាយស្រីនៅពីក្រោយនិងពីក្រោមខាងឆ្វេងមានលេខ “២០០០០”នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបចម្លាក់ហោជាងនៅប្រាសាទបន្ទាយស្រី និងនៅពីក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៥ នៅប្រាសាទបន្ទាយស្រី និងអក្សរ “ពីរម៉ឺនរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ជ្រុងក្រោមមានលេខ-មាលាបោះពុម្ព ដោយទឹកខ្មៅពណ៌ក្រហម ព្រមទាំងលេខ “២០០០០” និងលេខ “20000” នៅបន្តបន្ទាប់គ្នាពីក្រោមនោះ និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលនឹងចេញជាលេខ “20000” ពេលមើលឆ្លុះទៅរកប្រភពពន្លឺអ្វីមួយ។

ផ្នែកខាងឆ្វេង មានលេខ “20000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមានបន្ទះហូឡូក្រាមទំហំ ១០មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកម្រិតខ្ពស់កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបន្ទាយស្រីក្នុងខេត្តសៀមរាប និងមានអក្សរ “ពីរម៉ឺនរៀល”នៅពីក្រោម។

ផ្នែកខាងស្តាំ ជារូបចម្លាក់ថ្មនរសឹង្ហនៅប្រាសាទបន្ទាយស្រី និងមានលេខ “២០០០០” នៅពីក្រោមនោះ ព្រមជាមួយលេខ “20000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ នៅជ្រុងខាងលើនៃគែមក្រដាសប្រាក់។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” ជ្រុងក្រោមមានលេខ “2017” និងលេខ “២០០០០” និងនៅគែមក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលត្រួតស៊ីគ្នាជាមួយនឹងរូបភាពអង្គដៅចំណាំនៅផ្ទៃខាងមុខនៃធនប័ត្រ។