ពណ៌​ផ្ទៃៈ ពណ៌ផ្ទៃមេឃ ពណ៌ខៀវ និងពណ៌លឿងទុំ
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវរំលេចឡើងនូវព្រឆាយាល័ក្ខណ៍នៃ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុវរ័ន្ន កាលពីព្រះអង្គទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ខាងឆ្វេងមានលេខ “១០០០” នៅលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពតែងលំអយកតាមរូបក្បាច់ហោជាងនៃប្រាសាទក្នុងព្រះបរមរាជវាំង និងនៅពីក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៥ នៅប្រាសាទបឹងមាលា និងអក្សរ “មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាបោះពុម្ព ដោយទឹកខ្មៅពណ៌ក្រហម និងជ្រុងក្រោមមានលេខ “១០០០” ព្រមជាមួយលេខ “1000” នៅពីក្រោមនោះ។

ផ្នែកខាងឆ្វេង មានលេខ “1000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពតែងលំអរពណ៌ប្រាក់យកលំនាំតាមក្បាច់ចម្លាក់នៅប្រាសាទបន្ទាយស្រី បោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “១០០០”ដ៏តូចល្អិត។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងទេវាវិនិច័្ឆយមើលបញ្ឈិតពីជ្រុងមុខខាងឆ្វេង និងនៅពីក្រោមនោះមានអក្សរ “មួយពាន់រៀល”។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “1000” បោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកណ្តាលជារូបចម្លាក់គ្រុឌឈរទ្រចែងប្រាសាទព្រះរាជដំណាក់ច័ន្ទ និងនៅជ្រុងក្រោមមានលេខ “១០០០”។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2016” នៅកណ្តាលមានរូបភាពព្រាលៗនៃរូបចម្លាក់ដាក់តាំងក្នុងព្រះបរមរាជវាំងនៃអតីតព្រះមហាក្សត្រព្រះបាទនរោត្តមទ្រង់គង់ប្រថាប់លើព្រះទីនាំងពាជីព្រមជាមួយក្បាច់លំអពណ៌ប្រាក់ផ្តុំឡើងដោយលេខ “១០០០” ផ្ទុយគ្នា និងនៅជ្រុងក្រោមមានលេខ “១០០០”។