ពណ៌​ផ្ទៃៈ ពណ៌ក្រហមស្រស់ និងពណ៌ត្នោត។
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី មើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង ខាងឆ្វេងមានលេខ “៥០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡាព្រមទាំងរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា និងនៅពីក្រោមមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៥ និងអក្សរ “ប្រាំរយរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងជ្រុងក្រោមមានលេខ “៥០០” ព្រមជាមួយលេខ “500” នៅពីក្រោមនោះ។

ផ្នែកខាងឆ្វេង ឆ្វេង មានលេខ “500” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពក្បាច់លំអពណ៌ប្រាក់បោះពុម្ពកាត់ទទឹងក្រដាស់ប្រាក់ពីលើដល់ក្រោម និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “៥០០” ដ៏តូចល្អិត។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល រូបភាពត្រូវបានរំលេចឡើងគឺជាស្ពានគីហ្សូណាឆ្នងកាត់ទន្លេមេគង្គ នៅក្រុងកំពង់ចាម ខាងលើមានរូបភាពក្បាច់ចម្លាក់នៅជញ្ជាំងប្រាសាទបាយ័នស្តីពីសកម្មភាពសាងសង់ និងខាងក្រោមមានអក្សរ “ប្រាំរយរៀល”។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “500” បោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកណ្តាលមានរូបស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-ជប៉ុនដែលឋិតនៅក្បាលស្ពានគីហ្សូណា និងនៅជ្រុងក្រោមមានលេខ “៥០០” ។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2014” នៅកណ្តាលមានរូបភាពព្រាលៗនៃផ្នែកកណ្តាលរបស់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅអ្នកលឿង ព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ “500” បញ្ច្រាស់គ្នា និងនៅជ្រុងក្រោមលេខ “500”។