ពណ៌​ផ្ទៃៈ ពណ៌​ស៊ីជម្ពូ និងពណ៌ខៀវ
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋមើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ (ព.ស ២៤៦៦ - ព.ស ២៥៥៦)” នៅពីក្រោម រីឯខាងឆ្វេងមានលេខ “១០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃ ព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោមមានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៧ និងអក្សរ “មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងក្រោមមានលេខ ”១០០០” ព្រមទាំងលេខ “1000” នៅពីក្រោមនោះ។

ផ្នែកខាងឆ្វេង មានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗនៃក្បាច់លំអ ក្លាយពីក្បាច់អង្គរក្នុងទម្រង់ផ្កាច័នដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនដែលត្រូវបានផ្គុំឡើងដោយលេខ “១០០០” ដ៏តូចល្អិត។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល នៃធនប័ត្រត្រូវបានរំលេចឡើងនូវរូបភាពព្រះទីនាំងសុវណ្ណហង្សក្នុងពិធីដង្ហែព្រះបរមសព ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់មុខ ព្រះបរមរាជវាំងព្រមទាំងរូបភាពប្រាសាទទេវាវិនិច្ឆ័យ និងមានអក្សរ “មួយពាន់រៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរចំកណ្តាលមានរូបភាពក្បាច់លំអ និងនៅជ្រុងក្រោមមានលេខ “១០០០”។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ចំកណ្តាលមានអក្សរ “សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុង ព្រះបរមសុគតិភព” និងនៅជ្រុងក្រោមមានលេខ “១០០០” ព្រមទាំងលេខ “២០១២”។